5. គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡិម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាផង បាន៣៣ឆ្នាំ។
6. នៅគ្រានោះស្តេច ហើយនឹងពួកទ័ពទ្រង់ ក៏ទៅឯក្រុងយេរូសាឡិម ច្បាំងនឹងសាសន៍យេប៊ូស ដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកំចាត់ឯងបានដែរ ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ
7. ប៉ុន្តែ ដាវីឌទ្រង់ចាប់យកបានទីមាំមួនឈ្មោះស៊ីយ៉ូន (នេះហើយដែលហៅថា ទីក្រុងរបស់ដាវីឌ)
8. នៅថ្ងៃនោះ ដាវីឌបានមានព្រះបន្ទូលថា បើអ្នកណានឹងវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង ដែលចិត្តយើងខ្ពើមទាំងម៉្លេះ ដោយព្រោះពួកកង្វាក់ ហើយពួកកង្វិនបាននិយាយថា វាចូលមកមិនបានទេ