2. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ ក៏លះបង់ចោលដាវីឌ ទៅតាមសេបា ជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។
3. ដាវីឌក៏យាងមកដល់ដំណាក់ទ្រង់ នៅក្រុងយេរូសាឡិម នោះទ្រង់យកពួកអ្នកម្នាងទាំង១០នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅឯនាងណាមួយទៀតទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4. រួចមក ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដា ឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ
5. ដូច្នេះ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់
6. នោះដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រីនឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
7. ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី
8. កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ
9. រួចលោកសួរទៅអ័ម៉ាសាថា បងអើយ សុខសប្បាយជាទេឬ យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប