14. នោះអាប់សាឡំម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល (ព្រះយេហូវ៉ាទ្រង់បានដំរូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្តីអាក្រក់មកលើអាប់សាឡំមវិញ)។
15. គ្រានោះ ហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនឹងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ
16. ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់។
17. រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ
18. ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡំម តែអ្នកទាំង២នាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំង២ក៏ចុះទៅពួនក្នុងអណ្តូងនោះ
19. ឯស្ត្រី ជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ
20. ចំណែកពួកអ្នកដែលអាប់សាឡំមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា តើអ័ហ៊ីម៉ាស និងយ៉ូណាថាននៅឯណា តែស្រីនោះឆ្លើយថា គេបានឆ្លងស្ទឹងទៅបាត់ហើយ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នា ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
21. លុះកាលគេចេញទៅបាត់ហើយ នោះអ្នកទាំង២ក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ស្តេចដាវីឌ ដោយពាក្យថា សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ
22. ដូច្នេះ ដាវីឌ និងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។
23. កាលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
24. រួចមកដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡំម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
25. អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់
26. ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡំម គេបោះទ័ពនៅស្រុកកាឡាត។
27. កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម