3. រួចចូលទៅគាល់ស្តេចទូលយ៉ាងដូច្នេះ នោះយ៉ូអាប់ក៏បង្គាប់ពាក្យឲ្យនិយាយ។
4. កាលស្ត្រីពីក្រុងត្កូអានោះ បានចូលទៅចំពោះស្តេច ក៏ទំលាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង
5. នោះស្តេចទ្រង់សួរថា តើវាថ្វី នាងទូលឆ្លើយថា ឱហ្ន៎ព្រះអង្គអើយ ខ្ញុំម្ចាស់នេះជាស្រីមេម៉ាយ ប្ដីបានស្លាប់ចោលទៅហើយ
6. ហើយខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ មានកូនប្រុស២ វាឈ្លោះគ្នានៅឯចំការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយ១បានវាយ១ស្លាប់ទៅ
7. ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ដោយថា ចូរប្រគល់អា១ដែលសំឡាប់បងខ្លួនមកឲ្យយើងសំឡាប់ចោល ឲ្យធួននឹងជីវិតរបស់បង ដែលវាបានសំឡាប់ចុះ យើងនឹងសំឡាប់ ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្ដីខ្ញុំម្ចាស់មានឈ្មោះមានពូជពង្សសល់នៅលើផែនដីឡើយ។
8. ស្តេចទ្រង់មានព្រះបន្ទូលទៅស្ត្រីនោះថា ចូរទៅផ្ទះចុះ យើងនឹងបង្គាប់ពីដំណើរនាង
9. នោះស្ត្រីពីក្រុងត្កូអា នាងទូលថា ឱទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យសេចក្តីទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ