12. ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកអយ្យកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ានក្រុងរេសែភ និងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13. តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចនៃក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។
14. ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
15. ហើយទ្រង់អធិស្ឋាន នៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី
16. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ទ្រង់ ជាព្រះដ៏មានព្រះជន្មរស់ចុះ