1. គ្រានោះ មានគេមកជំរាបដាវីឌថា ឥឡូវពួកភីលីស្ទីន គេមកច្បាំងនឹងក្រុងកៃឡា គេកំពុងតែប្លន់យកស្រូវពីលានទាំងប៉ុន្មានហើយ
2. ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរទៅវាយពួកភីលីស្ទីន ហើយជួយសង្គ្រោះពួកកៃឡាចុះ
3. តែពួកមនុស្សរបស់ដាវីឌ គេនិយាយឡើងថា មើល នៅក្នុងស្រុកយូដានេះ យើងមានសេចក្តីភ័យខ្លាចទៅហើយ ចំណង់បើយើងទៅដល់កៃឡា ទាស់នឹងពួកពលទ័ពនៃសាសន៍ភីលីស្ទីន នោះតើនឹងភ័យជាជាងអម្បាលម៉ានទៅទៀត
4. ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយទ្រង់មានព្រះបន្ទូលឆ្លើយថា ចូររៀបចំចុះទៅឯកៃឡាចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្តាប់ដៃឯងហើយ
5. នោះដាវីឌ និងពួកលោក ក៏ទៅឯកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារសំឡាប់គេយ៉ាងសំបើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា