24. កុំឡើយ កូនអើយ ដ្បិតសេចក្តីដែលអញឮគេនិយាយនោះមិនល្អទេ យ៉ាងនោះឯងនាំឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាប្រព្រឹត្តរំលងហើយ
25. បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែ គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល
26. ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចំរើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង។
27. គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមក ឲ្យពួកវង្សនៃអយ្យកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី
28. តើអញមិនបានរើសយកគេ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃដល់អញ ឲ្យបានពាក់អេផូឌ ឡើងទៅឯអាសនាអញ ដើម្បីនឹងដុតគ្រឿងក្រអូបនៅមុខអញ ព្រមទាំងចែកដង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់ពួកគ្រួអយ្យកោឯងផងទេឬអី