13. ដូច្នេះ មើល អញបានទះដៃ ដោយព្រោះកំរៃទុច្ចរិតដែលឯងបាននោះ ហើយដោយព្រោះឈាមដែលបានខ្ចាយនៅកណ្តាលឯងផង
14. តើចិត្តឯងនឹងធន់នៅបាន ហើយដៃឯងនឹងមានកំឡាំង នៅថ្ងៃដែលអញធ្វើទោសដល់ឯងបានឬ អញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង
15. អញនឹងកំចាត់កំចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ
16. ឯងនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18. កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែល បានត្រឡប់ជាអាចម៍សំណល់ដល់អញ គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងបាវឡ គេជាអាចម៍ប្រាក់ទទេ
19. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល អញនឹងប្រមូលឯងរាល់គ្នាទៅកណ្តាលក្រុងយេរូសាឡិម