1. ទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង
2. កាលទ្រង់កំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង រួចខ្ញុំក៏ឮព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំ
3. ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកអយ្យកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង
4. គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ
5. ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ
6. ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ