10. ហើយកាលណាញាតិសន្តានជិតដិត ដែលគេបានដំរូវឲ្យដុតខ្មោចបានលើកសពគេ នាំចេញឲ្យផុតពីផ្ទះទៅ រួចសួរដល់អ្នកណាដែលនៅខាងក្នុងថា តើមានសល់នៅទៀតជាមួយនឹងឯងឬទេ អ្នកនោះនឹងឆ្លើយថា ឥតមានទេ នោះគេនឹងហាមថា កុំមាត់ឡើយ ដ្បិតយើងគ្មានច្បាប់នឹងចេញព្រះនាមនៃព្រះយេហូវ៉ាទេ
11. ដ្បិតមើល ព្រះយេហូវ៉ាទ្រង់ចេញបង្គាប់វេលាណា នោះផ្ទះធំនឹងត្រូវវាយឲ្យប្រេះឆា ហើយផ្ទះតូចផង ឲ្យត្រូវបែកបាក់។
12. ម្នាល ឯងរាល់គ្នា ដែលរីករាយ ក្នុងសេចក្តីសោះសូន្យ ឯងថា យើងបានអំណាចឡើង ដោយសារកំឡាំងរបស់ខ្លួនយើងទេតើ
13. ចុះសេះនឹងបោលនៅលើថ្មដែរឬ តើមនុស្សនឹងភ្ជួរនៅទីនោះដោយគោឬ បានជាឯងរាល់គ្នាបានបំផ្លាស់បំប្រែសេចក្តីយុត្តិធម៌ឲ្យទៅជាពិស ហើយឲ្យផលនៃសេចក្តីសុចរិត បានប្រែត្រឡប់ជាស្លែងវិញដូច្នេះ
14. ដ្បិតមើល ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែល អញនឹងញ៉ាំងសាសន៍១ឲ្យមកទាស់នឹងឯង គេនឹងធ្វើទុក្ខឯងរាល់គ្នាចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៅស្រុកវាល។