1. ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
2. មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា
3. ហេតុនោះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វនៅដី និងសត្វហើរលើអាកាសផង អើ ទាំងត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ
4. ប៉ុន្តែមិនត្រូវឲ្យអ្នកណាតតាំង ឬស្តីបន្ទោសអ្នកណាឡើយ ដ្បិតជនជាតិឯងប្រៀបដូចជាមនុស្សដែលតតាំងនឹងសង្ឃ
5. ហេតុនោះ ឯងនឹងត្រូវចំពប់ទាំងថ្ងៃ ហើយហោរានឹងចំពប់ជាមួយនឹងឯង នៅពេលយប់ដែរ អញនឹងបំផ្លាញទាំងម្តាយឯងផង។