1. នៅថ្ងៃ២១ ខែអស្សុជ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា
2. ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា និងយេសួរ កូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជនថា
3. ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី
4. ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ