9. ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ជាទីខូចបង់នៅជានិច្ច ឯសំណល់នៃរាស្ត្រអញ នឹងប្លន់គេ ហើយសំណល់នៃនគរអញ នឹងចាប់យកគេជាមរដក
10. នេះជាសេចក្ដីដែលនឹងកើតមានដល់គេ ដោយព្រោះសេចក្ដីអំនួតរបស់គេ ពីព្រោះគេបានត្មះតិះដៀល ហើយដំកើងខ្លួន ទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
11. ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។