4. ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង អើ ទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសំរាប់ថ្ងៃនៃសេចក្តីអាក្រក់ដែរ។
5. អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។
6. ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្តីមេត្តា និងសេចក្តីពិត ហើយមនុស្សនឹងរួចពីសេចក្តីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។
7. កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះទ្រង់ក៏បណ្តាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរ។
8. បើមានទ្រព្យតិច ហើយមានសេចក្តីសុចរិត នោះវិសេសជាងមានកំរៃច្រើន តែមានសេចក្តីទុច្ចរិតវិញ។
9. ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ។
10. មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឱស្ឋទ្រង់នឹងមិនសំរេចខុសក្នុងការវិនិច្ឆ័យឡើយ។
11. ជញ្ជីង ហើយនឹងត្រាជូត្រឹមត្រូវ នោះជារបស់ផងព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរ។
12. បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្តីសុចរិតទេ។
13. ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។
14. សេចក្តីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្តីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្តីក្រោធនោះទៅ។
15. កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀង។
16. ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
17. ផ្លូវរបស់មនុស្សទៀងត្រង់ នោះគឺជាការចៀសវាងពីអំពើអាក្រក់ អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារព្រលឹងខ្លួន។