25. លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបំរើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ
26. ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ
27. ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត
28. យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត
29. ហើយឲ្យប៊ីលហាជាបាវស្រីខ្លួនទៅបំរើរ៉ាជែលដែរ
30. យ៉ាកុបក៏ចូលទៅឯរ៉ាជែល ហើយស្រឡាញ់នាងជាងលេអា រួចគាត់នៅបំរើឡាបាន់៧ឆ្នាំទៀត។
31. ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ
32. លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ
33. នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនឹកថា ព្រះយេហូវ៉ាទ្រង់បានឮថាគាត់ស្អប់អញ បានជាទ្រង់ប្រទានកូននេះមកអញទៀត នាងឲ្យឈ្មោះថា ស៊ីម្មាន
34. រួចនាងមានទំងន់បង្កើតបានកូនប្រុស១ទៀត នោះនាងគិតថា ឥឡូវប្ដីអញមុខជាចូលចិត្តនឹងអញម្តងណេះហើយ ដ្បិតអញបានបង្កើតកូនប្រុស៣ឲ្យគាត់ ដូច្នេះ នាងក៏ឲ្យឈ្មោះថា លេវី