37. ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា កុំឲ្យឯងយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅស្រុកគេនេះឡើយ
38. តែត្រូវឲ្យឯងទៅឯផ្ទះឪពុកអញ ហើយនឹងញាតិសន្តានអញវិញ ដើម្បីនឹងយកប្រពន្ធមកឲ្យកូនអញ
39. ខ្ញុំបានជំរាបចៅហ្វាយខ្ញុំថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំទេ
40. នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត
41. ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ
42. ដូច្នេះ នៅថ្ងៃនេះ ខ្ញុំក៏បានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជាចៅហ្វាយទូលបង្គំអើយ បើទ្រង់នឹងធ្វើឲ្យដំណើរទូលបង្គំបានកើតការក្នុងគ្រាឥឡូវនេះ
43. មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះ បើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច
44. ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់ដំរូវដល់កូនរបស់ចៅហ្វាយទូលបង្គំ