1. មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារីស៊ី ពួកនោះក៏រិះគន់មើលទ្រង់
2. គ្រានោះ ឃើញមានមនុស្សកើតទាចម្នាក់ នៅចំពោះទ្រង់
3. ទ្រង់មានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារីស៊ីថា តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ
4. តែគេនៅតែស្ងៀម នោះទ្រង់ក៏យកគាត់មកប្រោសឲ្យជា រួចឲ្យគាត់ទៅវិញ
5. ហើយទ្រង់មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានលា ឬគោ ធ្លាក់ចុះក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក តើមិនស្រង់យកចេញ ក្នុង១រំពេចនោះទេឬអី
6. តែគេពុំអាចនឹងឆ្លើយអ្វីទូលទ្រង់ ពីដំណើរនោះបានទេ។
7. កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា
8. បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក
9. ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង