1. រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម
2. លោកក៏មកឯព្រះយេស៊ូវទាំងយប់ ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ
3. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ
4. លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ
5. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ
6. របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ
7. កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ
8. ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ
9. លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន
10. ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ
11. ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្តីបន្ទាល់របស់យើងទេ
12. បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន
13. គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង
14. ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ
15. ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ