28. ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ
29. ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់
30. តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ
31. ឥឡូវ លោកីយ៍នេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយ៍នេះ ក៏ត្រូវបោះចោលចេញ
32. ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ
33. ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា
34. ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ
35. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្តីងងឹត នោះមិនដឹងជាទៅឯណាទេ
36. ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។
37. លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ