19. តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
20. លុះយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ
21. នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។
22. រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ
23. គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១
24. កាលគេបាននាំស្តេចទាំងនោះចេញមកដល់យ៉ូស្វេហើយ នោះយ៉ូស្វេក៏ហៅប្រជុំពួកអ៊ីស្រាអែលទាំងអស់គ្នាមក រួចបង្គាប់ដល់ពួកមេទ័ព ដែលបានទៅជាមួយនឹងលោកថា ចូរអ្នករាល់គ្នាមកជាន់កស្តេចទាំងនេះទៅ ដូច្នេះគេក៏មកជាន់កស្តេចទាំងនោះ
25. ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ
26. ក្រោយមកយ៉ូស្វេក៏វាយសំឡាប់ស្តេចទាំងនោះ រួចព្យួរនៅដើមឈើ៥ដើម ទាល់តែដល់ថ្ងៃល្ងាច
27. លុះដល់ពេលថ្ងៃហៀបលិចហើយ នោះយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់ខ្មោចទាំងនោះ ចុះពីដើមឈើមក យកទៅបោះចោលក្នុងរអាងដែលបានពួននោះ រួចគេដាក់ថ្មយ៉ាងធំសន្ធប់នៅមាត់រអាង នៅរហូតមកដល់ថ្ងៃនេះ។
28. នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ និងអស់អ្នក ដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
29. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងម៉ាកេដាទៅដល់លិបណា ច្បាំងនឹងក្រុងនោះ
30. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ និងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
31. លំដាប់នោះ យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ
32. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីស មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការ ដែលបានធ្វើដល់ក្រុងលិបណា
33. នោះហោរ៉ាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ និងពួករាស្ត្រទ្រង់ទាំងអស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។
34. រួចមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងឡាគីសទៅដល់អេក្លុន បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ
35. ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។
36. តមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត
37. ហើយចាប់យកក្រុងនោះបាន រួចកាប់គេដោយមុខដាវ ព្រមទាំងស្តេច និងអស់ទាំងតំបន់គេ ហើយអស់អ្នកដែលនៅក្រុងនោះផង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ តាមគ្រប់ទាំងការ ដែលលោកបានធ្វើដល់ក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងពួកអ្នកទាំងប៉ុន្មាន ដែលនៅក្នុងក្រុងអស់រលីង។
38. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏បត់ទៅឯក្រុងដេបៀរ ច្បាំងនឹងគេទៀត