6. ដូច្នេះ នាយនាវាក៏មកឯលោកសួរថា ម្នាលអ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ ក្រែងទ្រង់នឹងនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាសឡើយ
7. រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស
8. រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី
9. នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ និងដីគោកផង
10. ដូច្នេះ គេមានសេចក្តីស្ញែងខ្លាចក្រៃលែង ហើយក៏សួរលោកថា តើអ្នកបានធ្វើអ្វីដូច្នេះ ដ្បិតបណ្តាអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ពីព្រោះលោកបានប្រាប់គេហើយ។
11. រួចគេសួរលោកថា ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើង