យេរេមា 11:11-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ ជា​សេចក្តី​ដែល​គេ​មិន​អាច​នឹង​គេច​រួច​ចេញ​បាន​ឡើយ នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​នឹង​មិន​ព្រម​ស្តាប់​ទេ

12. ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម គេ​នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ

13. ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សំរាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។

14. ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​ដល់​អញ ដោយ​កើត​មាន​សេចក្តី​វេទនា នោះ​អញ​មិន​ព្រម​ស្តាប់​គេ​ទេ។

15. តើ​ស្ងួន​សំឡាញ់​របស់​អញ​មាន​ការ​អ្វី​នៅ​ក្នុង​ផ្ទះ​អញ​ទៀត ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ទៅ​ហើយ ឯ​សាច់​ដែល​បាន​ញែក​ជា​បរិសុទ្ធ នោះ​នឹង​បាត់​ពី​មុខ​ឯង​ទៅ​កាល​ណា​ឯង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ឯង​មាន​ចិត្ត​រីក‌រាយ

យេរេមា 11