20. ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ
21. ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។
22. នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង
23. ឯហ្វូងមនុស្ស គេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏និយាយគ្នាថា អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេឬអី
24. តែកាលពួកផារីស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូល ជាមេអារក្សទេ
25. ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេ ក៏មានព្រះបន្ទូលថា អស់ទាំងនគរណាដែលបែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ
26. ដូច្នេះ បើអារក្សដេញអារក្ស នោះមុខជាវាបែកទាស់គ្នាវាហើយ យ៉ាងនោះ ធ្វើដូចម្តេចឲ្យរាជ្យវាស្ថិតស្ថេរនៅបាន
27. មួយទៀត បើខ្ញុំដេញអារក្សដោយអាងបេលសេប៊ូលពិត នោះតើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្វីវិញ ដូច្នេះ វានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ
28. ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ
29. ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ និងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន
30. អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ
31. ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ
32. អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី។
33. ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា
34. ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្ដីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត
35. ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់ អំពីកំណប់អាក្រក់របស់គេដែរ
36. ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
37. ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។
38. គ្រានោះ ពួកអាចារ្យ និងពួកផារីស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់ពីលោក