7. ត្រូវឲ្យឯង និងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សំរាប់ការទាំងអស់ខាងឯអាសនា ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នា ដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នា ទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង និងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
9. ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុត នោះរបស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង
10. ត្រូវឲ្យឯងបរិភោគរបស់ទាំងនោះ នៅកន្លែងបរិសុទ្ធបំផុត គ្រប់ទាំងប្រុសៗ ត្រូវបរិភោគចុះ គឺជារបស់បរិសុទ្ធដល់ឯង
11. ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងដង្វាយលើកចុះឡើង និងដង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង និងកូនប្រុសកូនស្រីឯងផង ទុកជាកំរៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន