8. ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារនឹងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ព នៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។
9. នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
10. តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ
11. ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកំឡាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះលោក និងពូរ៉ា ជាអ្នកបំរើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ
12. រីឯពួកម៉ាឌាន និងពួកអាម៉ាលេក ហើយនឹងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ
13. កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើលអញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ព នៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី