5. ទ្រង់មិនបានប្រទានឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក និងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង
6. ហើយព្រះទ្រង់មានព្រះបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ
7. ព្រះទ្រង់មានព្រះបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ»
8. ទ្រង់ក៏តាំងសេចក្ដីសញ្ញាខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។