កិច្ចការ 12:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. លុះ​ពេត្រុស​ដឹង​ខ្លួន​ឡើង ក៏​នឹក​ឃើញ​ថា ឥឡូវ​នេះ អញ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​នៃ​ទ្រង់ ឲ្យ​មក​ដោះ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​ពី​គ្រប់​ទាំង​បំណង ដែល​សាសន៍​យូដា​បាន​រង់‌ចាំ​ដែរ

12. លុះ​គាត់​ពិចារណា​ហើយ នោះ​ក៏​ទៅ​ឯ​ផ្ទះ​ម៉ារា ជា​ម្តាយ​យ៉ូហាន-ម៉ាកុស ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រជុំ​គ្នា​អធិស្ឋាន

13. គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បំរើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់

14. លុះ​ស្គាល់​សំឡេង​ពេត្រុស​ហើយ នោះ​នាង​មាន​សេចក្ដី​អំណរ​ដ៏​ពន្លឹក ដល់​ម៉្លេះ​បាន​ជា​ភ្លេច​ទាំង​បើក​ទ្វារ រត់​ចូល​ទៅ​ប្រាប់​គេ​វិញ​ថា លោក​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ

15. តែ​គេ​ស្តី​ថា ឯង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ថា ប្រាកដ​មែនៗ រួច​គេ​ថា​ជា​ទេវតា​របស់​គាត់​ទេ

16. ឯ​ពេត្រុស គាត់​ចេះ​តែ​គោះ​ទ្វារ​ថែម កាល​គេ​បាន​បើក​ទ្វារ​ឃើញ នោះ​គេ​មាន​សេចក្ដី​ស្រឡាំង​កាំង

17. តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប និង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។

18. លុះ​ភ្លឺ​ឡើង ក៏​កើត​មាន​វឹកវរ​ជា​ធំ នៅ​ក្នុង​ពួក​កង​ទាហាន ពី​ដំណើរ​ពេត្រុស ដែល​ទៅ​ឯ​ណា​បាត់

19. កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

កិច្ចការ 12