7. ជនដែលចង់ពាល់វាត្រូវតែកាន់ទំពក់ដែក ឬដងលំពែងហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
8. នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
9. បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។
10. ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជំនះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភ័ណ្ឌប៉ុណ្ណោះ។
11. បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។
12. ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជំនះដ៏ធំធេង។
13. ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផែម។