4. បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដាក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។
5. លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ស្ដេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្ដេចបានកំណត់ទុក។
6. ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំទាហានរបស់យើងផ្ទាល់ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជម្រកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។
7. ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេធីម ពួកពេលេធីម និងពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយ ដេញតាមលោកសេបាជាកូនរបស់លោកប៊ីគ្រី។
8. នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។
9. លោកយ៉ូអាប់មានប្រសាសន៍ទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ លោកក៏លូកដៃស្ដាំទៅចាប់ពុកចង្ការបស់លោកអម៉ាសា ដើម្បីឱប។
10. លោកអម៉ាសាពុំបានចាប់អារម្មណ៍នឹងដាវ ដែលស្ថិតក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ លោកយ៉ូអាប់ក៏ចាក់មួយដាវ ចំត្រង់ពោះ ហើយធ្លាយពោះវៀនចេញមកដល់ដី។ លោកស្លាប់ដោយមិនបាច់ឲ្យលោកយ៉ូអាប់ថែមមួយដាវទៀតឡើយ។ បន្ទាប់មក លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន នាំគ្នាបន្តដំណើរទៅមុខ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។