17. លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។
18. ប៉ុន្តែ មានយុវជនម្នាក់បានឃើញលោកទាំងពីរ ក៏នាំដំណឹងទៅទូលស្ដេចអាប់សាឡុម។ លោកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្ដូងមួយ ដែលលោកទាំងពីរចុះទៅពួន។
19. ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគម្របអណ្ដូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។
20. ពួកអ្នកដែលស្ដេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកលោកឆ្លងផុតទៅហើយ»។ ពួកគេរុករក តែពុំបានប្រទះឃើញលោកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។