16. លោកបន្ថែមទៀតថា៖ «ឥឡូវនេះ ចូរប្រញាប់ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា យប់នេះ កុំឈប់នៅវាលរហោស្ថានជិតទន្លេយ័រដាន់ឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង ដើម្បីកុំឲ្យព្រះរាជា និងបណ្ដាជនទាំងអស់ដែលនៅជាមួយ ត្រូវវិនាស»។
17. លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។
18. ប៉ុន្តែ មានយុវជនម្នាក់បានឃើញលោកទាំងពីរ ក៏នាំដំណឹងទៅទូលស្ដេចអាប់សាឡុម។ លោកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្ដូងមួយ ដែលលោកទាំងពីរចុះទៅពួន។
19. ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគម្របអណ្ដូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។