1. ព្រះបាទយ៉ូសៀសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។
2. ស្ដេចបានតែងតាំងក្រុមបូជាចារ្យ ឲ្យបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
3. ស្ដេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជននៅស្រុកអ៊ីស្រាអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្ដេចស្រុកអ៊ីស្រាអែល បានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះ ចូរបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទៅ។