7. លោកស៊ីកគ្រី ជាអ្នកចំបាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្ដេចម៉ាសេយ៉ា ជាបុត្ររបស់ព្រះបាទអហាស ព្រមទាំងលោកអាសរីកាំ ជាអ្នកគ្រប់គ្រងព្រះរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្ដេច។
8. ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។
9. មានព្យាការីមួយរូបរបស់ព្រះអម្ចាស់ ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រាអែល ដែលវិលមកក្រុងសាម៉ារីវិញ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិយូដា ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសម្រែកលាន់ឮដល់ផ្ទៃមេឃ។
10. ឥឡូវនេះ អ្នករាល់គ្នាមានបំណងយកប្រជាជនប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡឹម ធ្វើជាទាសករទៀត! ចំណែកឯអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាពុំបានធ្វើខុសចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេឬ?
11. ដូច្នេះ សូមស្ដាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងអ្នករាល់គ្នាហើយ»។