25. នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំកើមែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
26. ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។
27. កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
28. នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។