7. ស្ដេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
8. កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
9. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។