28. រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសៀស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
29. ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្ដេចស្រុកអាស្ស៊ីរី។ ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលព្រះចៅផារ៉ោនទតឃើញ ក៏ធ្វើគុតព្រះបាទយ៉ូសៀសនៅមេគីដោ។
30. ពួកនាយទាហានលើកសពរបស់ស្ដេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្ដេច។ ប្រជាជននៅស្រុកយូដានាំគ្នាជ្រើសរើសព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយ៉ូសៀស មកចាក់ប្រេងអភិសេកឲ្យស្នងរាជ្យបិតា។
31. កាលព្រះបាទអាហាសឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។