10. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា៖
11. «ម៉ាណាសេ ជាស្ដេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរី កាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
12. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
13. យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។