11. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះទេ គឺស្ដេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។
12. រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
13. កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។
14. នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។
15. លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។
16. ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច