3. លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះបាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។
4. មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។
5. ថ្ងៃមួយ លោកដាវីឌទូលសួរព្រះបាទអគីសថា៖ «បពិត្រព្រះករុណា! ប្រសិនបើស្ដេចពិតជាអនុគ្រោះដល់ទូលបង្គំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យទូលបង្គំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យទូលបង្គំស្នាក់នៅក្នុងរាជធានីជាមួយព្រះករុណាឡើយ?»។