1. លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។
2. លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះបាទអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក និងជាស្ដេចក្រុងកាថ។
3. លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះបាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។