2. លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។
3. ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។
4. លោកបូជាចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។
5. លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនឲ្យរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗរបស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។
6. ពេលនោះ លោកបូជាចារ្យប្រគល់នំប៉័ង ដែលគេតាំងថ្វាយព្រះអម្ចាស់ ជូនលោកដាវីឌ ដ្បិតគ្មាននំប៉័ងណាផ្សេងក្រៅពីនំប៉័ងនេះឡើយ។ គេបានដកនំប៉័ងនេះចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ នៅថ្ងៃដែលដាក់នំប៉័ងថ្មីជំនួស។
7. ថ្ងៃនោះ រាជបម្រើម្នាក់របស់ព្រះបាទសូលស្ថិតនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ដើម្បីបំពេញកិច្ចការខាងសាសនា គឺគាត់ឈ្មោះដូអេក ជាជនជាតិអេដុម ដែលទទួលខុសត្រូវលើពួកគង្វាលរបស់ស្ដេច។
8. លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «នៅទីនេះ តើលោកមានលំពែង ឬដាវទេ? កិច្ចការដែលព្រះរាជាចាត់ឲ្យខ្ញុំទៅបំពេញនេះបន្ទាន់ពេក ខ្ញុំមិនបានយកដាវ ឬអាវុធផ្សេងទៀតមកជាមួយឡើយ»។
9. លោកបូជាចារ្យមានប្រសាសន៍ថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ*។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ លោកដាវីឌមានប្រសាសន៍ថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។