១ សាំយូ‌អែល 12:11-16 Khmer Standard Version (KHSV)

11. ព្រះ‌អម្ចាស់​ក៏​ចាត់​លោក​យេរូ‌បាល លោក​បេដាន លោក​យ៉ែប‌ថា និង​ខ្ញុំ សាំយូ‌អែល ឲ្យ​មក។ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

12. ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំ‌ម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។

13. ដូច្នេះ នេះ​នែ៎ ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ស្ដេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះ‌អម្ចាស់​ប្រទាន​ស្ដេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ!

14. ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្ដេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។

15. ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ដែរ។

16. ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។

១ សាំយូ‌អែល 12