29. នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។
30. ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ លើសស្ដេចមុនៗទៅទៀត។
31. ស្ដេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។
32. ស្ដេចសង់អាសនៈមួយថ្វាយព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្ដេចបានសង់នៅក្រុងសាម៉ារី។
33. ព្រះបាទអហាប់ក៏បានសង់បង្គោលព្រះអាសេរ៉ា ហើយប្រព្រឹត្តអំពើអាក្រក់លើសពីស្ដេចអ៊ីស្រាអែលមុនៗ បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។