3. ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖
4. «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។
5. ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6. ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។
7. អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។
8. ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។