១ ពង្សា‌វតារ‌ក្សត្រ 11:25-32 Khmer Standard Version (KHSV)

25. លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

26. លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។

27. មូល‌ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​យេរ៉ូ‌បោម​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួស‌ជុល​កំពែង​បាក់​បែក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា

28. ទ្រង់​សង្កេត​ឃើញ​លោក​យេរ៉ូ‌បោម​ជា​មនុស្ស​ក្លាហាន​អង់‌អាច។ ដូច្នេះ ស្ដេច​ក៏​ចាត់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។

29. ថ្ងៃ​មួយ លោក​យេរ៉ូ‌បោម​បាន​ចាក‌ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។

30. លោក​អហ៊ី‌យ៉ា​ដោះ​អាវ​ធំ​ថ្មី​នោះ​មក​ហែក​ជា​ដប់‌ពីរ​ចំរៀក។

31. បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូ‌បោម​ថា៖ «សូម​យក​ដប់​ចំរៀក​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណា‌ចក្រ​ពី​សាឡូម៉ូន​ប្រគល់​ឲ្យ​អ្នក យើង​នឹង​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។

32. យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

១ ពង្សា‌វតារ‌ក្សត្រ 11