22. ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសម្តែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។
23. ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកព្រះនៃយើង ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពួកយើង។
24. បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូបពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។
25. ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីតង្វាយដែលព្រះរាជា ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រាអែល នៅក្នុងស្រុកបានថ្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង។