9. «ទូលបង្គំយើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ
10. និងប្រជាជនឯទៀតៗដែលព្រះបាទអស្នាផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។»
11. សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើថ្វាយព្រះចៅអើថាស៊ើកសេស មានដូចតទៅ៖ «ទូលបង្គំយើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។
12. សូមព្រះករុណាជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ព្រះករុណា មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។
13. សូមព្រះករុណាជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យព្រះករុណាខាតបង់រាជទ្រព្យមិនខាន។
14. ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ព្រះករុណា យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកថ្វាយព្រះករុណា។