អេសេ‌គាល 6:4-10 Khmer Standard Version (KHSV)

4. អាសនៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ ហើយ​កន្លែង​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​បាក់​បែក​អស់​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មួយ​ចំនួន​ធំ ដួល​ស្លាប់​នៅ​មុខ​ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ។

5. យើង​នឹង​យក​សាក‌សព​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយ‌ប៉ាយ​ជុំ‌វិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។

6. គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។

7. មាន​ប្រជា‌ជន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

8. ប៉ុន្តែ យើង​នឹង​ទុក​អ្នក​រាល់​គ្នា​មួយ​ចំនួន​ឲ្យ​នៅ​សេស‌សល់ អ្នក​ទាំង​នោះ​នឹង​គេច​ផុត​ពី​មុខ​ដាវ ហើយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

9. ពេល​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទាំង​នោះ​នឹង​នឹក​ឃើញ​យើង។ យើង​ធ្វើ​ឲ្យ​ពួក​គេ​គ្រាំ‌គ្រា​ចិត្ត ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​ចាប់​ចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ។ ពួក​គេ​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​គោរព​បម្រើ​ព្រះ​គួរ​ស្អប់​ខ្ពើម។

10. ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ យើង​មិន​មែន​និយាយ​ឥត​បាន​ការ​ទេ គឺ​យើង​ដាក់​ទោស​ពួក​គេ​តាម​ពាក្យ​របស់​យើង”។

អេសេ‌គាល 6