4. បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជពង្សអ៊ីស្រាអែលទាំងមូល»។
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។
6. ប៉ុន្តែ អ្នកក្រុងយេរូសាឡឹមបានបះបោរប្រឆាំងនឹងវិន័យ និងច្បាប់របស់យើង គឺពួកគេអាក្រក់ជាងប្រជាជាតិ និងនគរទាំងប៉ុន្មានដែលនៅជុំវិញទៅទៀត ដ្បិតពួកគេបានបោះបង់ចោលវិន័យរបស់យើង ហើយមិនកាន់តាមច្បាប់របស់យើងទេ»។
7. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមច្បាប់ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។