អេសេ‌គាល 18:19-23 Khmer Standard Version (KHSV)

19. អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។

20. អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

21. ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។

22. យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។

23. តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះ‌បង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​រស់​រាន​មាន​ជីវិត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 18